image

ភាពយន្តឯកសារប្រវត្តិសាស្ត្រ«កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨»

ដោយយល់ឃើញពីសារៈសំខាន់នៃនយោបាយឈ្នះ ឈ្នះ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍកម្ពុជា​ឱ្យ​ឈាន​មកដល់បច្ចុប្បន្ន និងឆ្ពោះទៅមុខ និងដោយសង្កេតឃើញថា ការយល់ដឹងអំពីអត្ថប្រយោជន៍​នៃ​នយោបាយឈ្នះ ឈ្នះនេះ ក្នុងសង្គមជាពិសេសស្រទាប់យុវជននៅមានកម្រិតនៅឡើយ មូលនិធិម៉ានី បានផ្តួចផ្តើមគំនិតឱ្យមានការផលិតជាភាពយន្តឯកសារប្រវត្តិសាស្ត្រក្រោមចំណងជើងថា៖ «កម្ពុជា៖ បន្ទាត់​ឆ្នាំ១៩៩៨»  ដោយមានកិច្ចសហការពីខាងស្ថានីយទូរទស្សន៍BTV និងសហភាពសហព័ន្ធយុវជនកម្ពុជា។

១.គោលបំណង

គោលបំណងនៃការផលិតភាពយន្តឯកសារប្រវត្តិសាស្ត្រ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» គឺ​ (១) ដើម្បី​បញ្ជ្រាប​នូ​វចំណេះដឹង​អំពីសារៈសំខាន់នៃនយោបាយឈ្នះ ឈ្នះ ដល់សាធារណជន ជាពិសេស​យុវជន​ជំនាន់​ក្រោយ តាមរយៈ​ការ​កំណត់​យក​ឆ្នាំ១៩៩៨ ជាបន្ទាត់នៃ​ការប្រៀបធៀប​ស្ថានភាព​កម្ពុជា​មុនឆ្នាំ​១៩៩៨ និ​ង​ឆ្លុះ​បញ្ចាំង​នូវ​ការ​រីក​ចម្រើន​របស់​កម្ពុជា​ក្រោយឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជា​ទស្សន​វិស័យ​ឆ្ពោះ​ទៅ​អនាគត និង(២) ដើម្បី​តម្កល់​​ទុកជាឯកសារប្រវត្តិសាស្ត្រសម្រាប់ជាតិយើងតទៅមុខ។

២.ការផលិត

គម្រោងការផលិតត្រូវបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែសីហា ២០២០។

ភាពយន្តឯកសារប្រវត្តិសាស្ត្រ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ត្រូវបានផលិតឡើងក្នុង​ទម្រង់​វីដេអូឯកសារខ្លី​(Short Documentary) ដែលមានរយៈពេល ៣០ នាទី ដោយក្រុ​ម​ការងារ​បាន​ដាក់​បញ្ចូល​​នូវ​ធាតុសំខាន់ៗមួយចំនួនរួមមាន៖ សម្រង់វីដេអូខ្លី​នៃ​កិច្ចសម្ភាស​ឥស្សរជន កិច្ចសម្ភាស​ប្រជាពលរដ្ឋ វីដេអូ​​នៃ​​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​នានា សំលេងនិទានខ្លឹមសារ និងការរចនា​ក្រាហ្វិក​មួយចំនួន ។​ ភាពយន្តឯកសារនេះ ត្រូវបានផលិតឡើងដោយផ្តោតលើបទពិសោធន៍ពីវិស័យចំនួនបួន​គឺ វិស័យការពារជាតិ វិស័យសេដ្ឋកិច្ច  វិស័យការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាត​និង​វិស័យ​ទេសចរណ៍​ ក្នុង​គោលបំណង ​​ដើម្បី​ទទួល​បាន​នូវសុក្រឹតភាពព័ត៌មាន និងភាពជាក់ស្តែង ច្បាស់លាស់​នូវ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង ក៏ដូចជា​វឌ្ឍនភាពកម្ពុជាមុនឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន​​លើវិស័យទាំងបួន។ តួអង្គ សំខាន់ៗ​ក្នុងភាពយន្ត​រួម​មាន​៖ សម្តេចពិជ័យសេនា ទៀ បាញ់  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឥស្សរជនទាំងបួនរូបបានផ្តល់កិច្ចសម្ភាសស្តីពីនយោបាយឈ្នះ ឈ្នះ និងវិស័យក្នុងបន្ទុករៀងៗខ្លួន។

ទន្ទឹមនេះ ក៏បានតួអង្គប្រជាពលរដ្ឋពីររូប ដែលម្នាក់ជាអតីតទាហានខ្មែរក្រហម ហើយម្នាក់ទៀតជា​ប្រជាជន​ដែល​ឆ្លាប់បានឆ្លងកាត់​ដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។

ដោយមានការ​យក​ឆ្នាំ​១៩៩៨ ជាបន្ទាត់នៃ​ការ​ប្រៀបធៀប ខ្លឹមសារ​នៃ​វីដេអូ​ត្រូវ​បាន​បែង​ចែក​ជា​បី​ផ្នែក​គឺ៖

  • ផ្នែកទី១៖ ការរៀបរាប់ និងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗនៃកម្ពុជាមុនឆ្នាំ១៩៩៨

ខ្លឹមសារអំពីអតីតកាលផ្តោតលើព្រឹត្តិការណ៍មុខឆ្នាំ​១៩៩៨ ត្រូវបាន​រៀបរាប់​ក្នុងផ្នែកទី១ ដោយ​​ក្នុង​នោះ​រួមមាន៖​ (១) អស្ថិរភាព សង្គ្រាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេស ចន្លោះឆ្នាំ​១៩៧៩ ដល់ឆ្នាំ​១៩៩៣​ (២)​ ការ​ផ្តួល​រំលំរបបកម្ពុជា​ប្រជាធិបតេយ្យ ឆ្នាំ១៩៩៧ (៣) ​​ វិបត្តិ​សង្គម​​ និង​បញ្ហា​ប្រឈម​ដែល​កម្ពុជា​ជួយប្រទះ ហើយ​ត្រូវ​ការ​ដោះស្រាយ​​ជាបន្តបន្ទាប់​។

  • ផ្នែកទី២៖​ ការរៀបរាប់ និងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗនៃកម្ពុជា​ ក្រោយឆ្នាំ១៩៩៨ រហូត​មក​ដល់​បច្ចុប្បន្ន

ខ្លឹមសាររៀបរាប់អំពីព្រឹត្តិការណ៍ក្រោយឆ្នាំ​១៩៩៨ របត់នយោបាយ សន្តិភាព និងការ​បង្រួប​បង្រួម​​​ជាតិ​ជា​លើក​ដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោម​ការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ត្រូវបាន​បង្ហាញ​​នូវក្នុង​ផ្នែកទី២ នៃវីដេអូ។

  • ផ្នែកទី៣៖សមិទ្ធិផលនានាដែលកម្ពុជាទទួលបានក្រោយការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងការបង្ហាញនូវទំនុកចិត្ត និងភាពជឿជាក់លើអនាគតរបស់​កម្ពុជា។​

ខ្លឹមសាររៀបរាប់អំពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលជាកេរតំណែល​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃ​ថ្លា សម្រាប់​យុវជនជំនាន់​ក្រោយ​ដែល​ជា​អនាគត​​របស់​កម្ពុជា។

៣.យន្តការផ្សព្វផ្សាយ៖

បន្ទាប់ពីត្រូវបានផលិតបានជាសមិទ្ធផលសម្រេច ភាពយន្តឯកសារប្រវតិ្តសាស្ត្រ «កម្ពុជា៖ បន្ទាត់​ឆ្នាំ​១៩៩៨​» នឹងត្រូវបានយកទៅប្រើប្រាស់ ធ្វើការផ្សព្វផ្សាយ និងចាក់បញ្ចាំង​ដូចមានការរៀបរាប់​តាម​ដំណាក់កាល​​​ជាបន្តបន្ទាប់គឺ៖ មុនការសម្ពោធ (Pre-Launch) ការសម្ពោធ (Launching) ការផ្សព្វផ្សាយក្រោយ​ការ​សម្ពោធ (Outreach) និង គោលដៅចុងក្រោយ (Final Destination)។

កន្លងមកក្រុមការងារបានធ្វើការផ្សព្វផ្សាយមុនសម្ពោធ ដោយបានបង្ហោះជាPoster និងជាវីដេអូសម្រង់​ប្រសាសន៍​ខ្លីរបស់ឥស្សរជនដែលជាតួអង្គក្នុងភាពយន្ត ជាបន្តបន្ទាប់ (អំឡុងសប្តាហ៍ទី៤ នៃខែតុលា) ហើយក្នុងសប្តាហ៍ទី១នៃខែវិច្ឆិកានេះដែរ ក្រុមការងារបានបង្ហោះជាវីដេអូTrailer ដើម្បីទាក់ទាញចំណាប់​អារម្មណ៍​រ​​បស់សាធារណជនឱ្យរងចាំទស្សនាភាពយន្តឯកសារនេះ ដែលក្រុមការងារនឹងសម្ពោធនៅក្នុងថ្ងៃទី៦ ខែវិច្ឆិកា នេះ។